ឯកឧត្តម ឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធស័ក្ក និងលោកជំទាវ ឯកឧត្តម បណ្ឌិត ធឹម សំផូត និង ក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៨៥គ្រួសារ ក្នុងមូលដ្ឋានឃុំ ស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប និង ឯកឧត្តម ឧត្តមសេនីយ័ទោ បណ្ឌិត សាយ រិទ្ធិស័ក្ក និងលោកជំទាវ មានការចូលរួមពី ព្រះយសោធរញាណ ឡោម សុឈាត ចៅអធិការវត្តព្រះសិអារ្យ, លោក កែម សំបូរណ៍ ប្រធានសមាគមខ្មែរនៅប្រទេសបារាំងព្រមទាំងក្រុមគ្រួសារ និងសប្បុរសជននានា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុង ២វត្តនៃមូលដ្ឋាន ឃុំស្រណាល ប្រមាណ ៨៥ គ្រួសារ។

ឯកឧត្តមបណ្ឌិត ធឹម សំផូត បានមានប្រសាសន៍ថា ឈរលើស្មារតីរួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិខ្មែរ និងក្នុងស្មារតីចែករំលែក ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរថ្ងៃនេះ ឯកឧត្តម និងសហការី ព្រះចៅអធិការព្រះសិអារ្យ បានមកជួបសួរសុខទុក្ខបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តអារាមនេះ មកពីក្រុងសំរោង និងទិតាំងផ្សេងទៀត នៃខេត្តឧត្តរមានជ័យ បានកំពុងជួបការលំបាកនិងទុក្ខសោកដោយសារការឈ្លានពានពីកងទ័ពថៃមកលើដែនអធិបតេយ្យភាពកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជាថៃ។

ឯកឧត្តមបណ្ឌិត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជនពលីនិងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តសៀមរាបរបស់យើងផងដែរ។

ឯកឧត្ដមបណ្ឌិត បានលើកឡើងថា ក្នុងកាលៈទេសៈនេះ បងប្អូនកំពុងជួបប្រទះនូវការលំបាក ដោយត្រូវចាកចោលផ្ទះសម្បែងភូមិឋាន ទ្រព្យសម្បត្តិ មុខរបរ និងអាជីវកម្មផ្សេងៗ។ ប៉ុន្តែការលំបាកនិងទុក្ខសោករបស់បងប្អូន ក៏គឺជាទុក្ខសោកនិងការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ជាតិខ្មែរយើងទាំងអស់គ្នា ក្នុងស្មារតីជាប្រជាជាតិតែមួយ។ ដូច្នេះ សូមអ្នកទាំងអស់គ្នាជឿទុកចិត្ត និងបន្តគាំទ្រដល់វីរយុទ្ធជនរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់ជីវិត ដើម្បីការពារបូរណភាពទឹកដី មាតុភូមិនៃយើង និងសូមបន្តរួមគ្នាចែករំលែក រែកពុននូវទុក្ខសោកនិងការលំបាកទាំងនេះទាំងអស់គ្នា និងរួមគ្នាប្រឹងប្រែង តស៊ូ លះបង់ ហ៊ានកែបន្តពង្រឹងនិងលើកកម្ពស់សមត្ថភាព ដើម្បីប្រែក្លាយការលំបាកនិងទុក្ខសោកនេះ ឱ្យក្លាយទៅជាចលនាជាតិ ចលនារួបរួមជាតិឯកភាពជាតិ ដើម្បីអាចម្ចាស់ការការពារជាតិ និងកសាងជាតិខ្មែរយើងឱ្យខ្លាំងពូកែ រឹងមាំ និងមានស្ថិរភាព ព្រមទាំងជំរុញដល់ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនជានិរន្តរ៍។

ឯកឧត្ដមបណ្ឌិត ធឹម សំផូត ក៏បានគូសបញ្ជាក់អំពីគុណតម្លៃនៃ «សន្តិភាព» ដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារនិងរក្សាឱ្យបានក្នុងគ្រប់កាលៈទេសៈ ដើម្បីជាគុណប្រយោជន៍ដល់ជីវភាពរស់នៅរបស់យើងផ្ទាល់ ក្រុមគ្រួសារយើងផ្ទាល់ និងជាមូលដ្ឋានមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ និងការកសាងជាតិរបស់យើង ក្នុងរយៈពេលវែង។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ជំនឿទុកចិត្តទៅលើសមត្ថភាពដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានការជ្រោមជ្រែងពេញទំហឹងពី សម្ដេចតេជោ  ហ៊ុន សែន ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវ សន្តិភាពជូនបងប្អូន និងការពារបាននូវអធិបតេយ្យភាព  បូរណភាពទឹកដីរបស់យើង ដោយសន្តិវិធី តាមរយៈនយោបាយការទូត និងឈរលើគោលការណ៍ច្បាប់ ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ ទាំងសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងទាំងបណ្ដាប្រទេសអាស៊ាន។

ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះ ឯកឧត្ដមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាប បានពាំនាំនូវអំណោយសម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន ៨៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ ១០គីឡូក្រាម, សារ៉ុង១ សំលៀកបំពាក់១កំប្លេ , ទឹកសុទ្ធ ២យួរ គ្រឿងឧបភោគបរិភោគ ១កញ្ចប់ធំ និងថវិកាចំនួន ២០,០០០រៀល ព្រមទាំងបានប្រកេនតេយ្យវត្ថុដល់ព្រះសង្ឃ ចំនួន២វត្ត ស្ថិតឃុំស្រសាល និង និមន្តព្រះសង្ឃបង្សកូល ឧទ្ទិសកុសល ជូនដល់វីរៈជនកងទ័ព បានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដីដ៏អង់អាចរបស់កម្ពុជាផងដែរ

Leave a Reply

Your email address will not be published. Required fields are marked *