សាខាពន្ធដារខេត្តកំពតបើកសិក្ខាសាលា ស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រង និងប្រមូលប្រាក់ពន្ធ-អាករ គ្រប់ប្រភេទ ក្នុងរយៈពេល៥ឆ្នាំ ២០១៤-២០១៨

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ សាខាពន្ធដារខេត្តកំពត បានបើកសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ពន្ធប៉ាតង់ ពន្ធលើស្លាកយីហោ និងការបង្វិលសងអាករលើតម្លៃបន្ថែម ក្រោមការអញ្ជើញចូលរួម ពីលោក ហាស់ សូបិន អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។
លោក អ៊ូច គឹមស៊ាន ប្រធានសាខាពន្ធដារខេត្តកំពតបានឲ្យដឹងថា សិក្ខាសាលានេះ សម្រាប់វឌ្ឍនភាពនៃការគ្រប់គ្រង និងប្រមូលប្រាក់ពន្ធ-អាករ គ្រប់ប្រភេទក្នុងរយៈពេល៥ឆ្នាំ (២០១៤-២០១៨)។លោកបានបន្តថា សាខាពន្ធដារ បានបំពេញតួនាទី-ភារកិច្ច ជាសេនាធិការឲ្យអគ្គនាយកដ្ឋានពន្ធដារ ក្នុងការគ្រប់គ្រង និងប្រមូលចំណូលពន្ធ-អាករ គ្រប់ប្រភេទលើសហគ្រាសអ្នកជាប់ពន្ធតូច និងមធ្យម ដែលមានទីតាំងលើភូមិសាស្ត្រខេត្តកំពតទាំងមូល។ លោកប្រធានសាខាបានបញ្ជាក់ទៀតថា អគ្គនាយកពន្ធដារ បានពិនិត្យ កែលម្អគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់តាមរយៈការធ្វើវិសោធនកម្មច្បាប់ស្តីពីសារពើពន្ធឆ្នាំ១៩៩៧ និងបទប្បញ្ញតិ្តពាក់ព័ន្ធនានា និងរៀបចំដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបតិ្តជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតសំខាន់ជាមូលដ្ឋានលើមុខងារពីរ គឺមុខងារប្រតិបតិ្តស្នូល និងមុខងារគាំទ្រ។
លោក ហាស់ សូបិន អភិបាលរងខេត្តកំពត បានលើកឡើងថា ក្រោមកិច្ចសហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ បទប្បញ្ញតិ្តនានាពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចជូនរដ្ឋនាពេលនេះយើងបានរំពឹងទុកថា បទប្បញ្ញតិ្ត ស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធ និងយន្តការប្រមូលពន្ធដារ ដើម្បីសំដៅជំរុញឲ្យមានការចូលរួមគាំទ្រ និងពង្រឹងកិច្ចសហការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត គឺគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន និងបណ្តាមន្ទីរ អង្គភាព ស្ថាប័នជំនាញដែលជាប្រតិបតិ្តករ សម្រាប់ជាប្រយោជន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ម្យ៉ាងទៀតធានាបានការផ្តល់សេវាប្រជាពលរដ្ឋ អ្នកជាប់ពន្ធគ្រប់ប្រភេទ ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងៗទៀតឲ្យកាន់តែមានការឆ្លើយតបទៅនឹងមុខងារតម្រូវការ និងលិខិតបទដ្ឋានគតិយុតិ្តជាធរមាន ពិសេសសម្រេចឲ្យបានតាមបាវចនាទាំងបីយ៉ាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ៖”ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព៕ ដោយ ៖សេង ណារិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *