ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកែប

ខេត្តកែប ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកែប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងអង្គសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីជាអភិបាលរងខេត្ត លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីអង្គភាព ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសមាគម អង្គការសង្គមស៊ីវិល សរុប៤៦៦ នាក់។
ក្នុងឱកាសបើកស្និបាតព្រឹកនេះ លោក កែន សត្ថា អភិបាលខេត្តកែបបានលើកឡើងថា សន្និបាតរបស់យើងនាពេលនេះ គឺគោលបំណងធ្វើការផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលនានានៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅជាអទិភាពនានាសម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០១៩នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ លោកអភិបាលខេត្តបានបន្តថា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហវិជ្ឈការ ឬហៅថាការកែទម្រង់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានពាក់ព័ន្ធបានផ្តល់នូវកាលានុវត្តភាពជាវិជ្ជមានយ៉ាងច្រើន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមគោលការណ៍នៃរដ្ឋបាលឯកភាព។ជាមួយនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានតាក់តែងឡើងសម្រាប់អនុវត្តរយៈពេល១០ឆ្នាំ ដែលក្នុងនោះការអនុវត្តគម្រោង ផអ៣ ដំណាក់កាលទី១ និងទី២ ត្រូវបានបញ្ចប់​ ហើយយើងបាននិងកំពុងបន្តអនុវត្តបញ្ចប់គម្រោង ផអ៣ ដំណាលកាលទី៣ ក្នុងឆ្នាំ២០១៩នេះ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕
ដោយ ៖សេង ណារិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *