អ្នករំលោភបំពានដីបឹងឈូករបស់រដ្ឋនៅតែចិញ្ចឹមចិត្តប៉ងក្រសោបយកឲ្យបាន បើទោះជាអាជ្ញាធរខំរារំាងបែបណាក៏ដោយ

ខេត្តកំពត ៖ មានប្រភពច្បាស់ការណ៍បានទម្លាយថា អ្នករំលោភដីបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានអួតប្រាប់អ្នកស្រុកថា មុននឹងក្រោយគាត់នឹងហៅរថយន្តដឹកដីចាក់លុបបឹងឈូក យកធ្វើជាកម្មសិទ្ធិឲ្យទាល់តែបាន បើទោះជាអាជ្ញាធរហាមប្រាមក៏ដោយ ព្រោះគាត់មានខ្នងបង្អែកសុទ្ធតែឯកឧត្តមធំៗ នៅឯរាជធានីភ្នំពេញ។ប្រភពខាងលើបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនអ្នករំលោភដីបឹងឈូកខាងលើបានទៅសុំច្បាប់ពីរដ្ឋបាលស្រុកដើម្បីចាក់ដីលុបបឹងឈូកនេះ ប៉ុន្តែអភិបាលស្រុកប្រាប់ថា មិនអនុញ្ញាតឡើយ ព្រោះករណីរំលោភទន្ទ្រានដីបឹងឈូករបស់រស់ដ្ឋនេះ លោកអភិបាលស្រុកបានបញ្ជូនឯកសារទៅដល់រដ្ឋបាលខេត្តកំពតរួចរាល់ទៅហើយ។
ជាមួយគ្នានេះ អ្នកប៉ុនប៉ងក្រសោបយកបឹងឈូកបានលើកឡើងថា មុននិងក្រោយគាត់រកវិធីចាក់ដីលុបបឹងឈូកនេះយកធ្វើជាសម្បតិ្តឯកជនឲ្យទាល់តែបាន ព្រោះដីបឹងឈូកនេះគាត់ដាំឈូកអាស្រ័យផលជាច្រើនឆ្នាំមកហើយ។ម្យ៉ាងទៀតរូបគាត់ក៏មានខ្នងបង្អែកសុទ្ធតែឯកឧត្តមធំៗចាំជួយជ្រោមជ្រែងដល់ក្រុមគ្រួសាររបស់គាត់ទៀតផង។
គេឆ្ងល់ថា តើឯកឧត្តម ឬអស់លោកណាទៅហ៊ានមកកាងក្នុងករណីរំលោភបំពានដីបឹងបួរបស់រដ្ឋនោះ។ជាមួយគ្នានេះបឹងឈូកខាងលើ បើមានគេចាក់ដីមែនពិតជាបិទផ្លូវទឹកបង្កទៅជាការលិចលង់ដីស្រែ និងលំនៅដ្ឋានប្រជាពលរដ្ឋរាប់រយគ្រួសារក្នុងឃុំចំនួនពីរ គឺឃុំបឹងសាលាខាងជើង និងឃុំកំពង់ត្រាចខាងកើត ហើយបើលិចលង់មែននោះ តើពលរដ្ឋរាប់រយគ្រួសារត្រូវគិតបែបណា?។
ប្រភពបានបង្ហើបទៀតថា ក្នុងអំឡុងពេលជិតមួយឆ្នាំមកហើយដែលលោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានចេញសេចក្តីជូនដំណឹង(សជណ) ឲ្យលោកពូ សំ អេន (អ្នករំលោភដីបឹង) ដកបង្គោលចេញពីផ្ទៃបឹងដែលគាត់បានបោះទន្ទ្រានចេញឲ្យអស់ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកបោះបង្គោលមិនត្រឹមតែមិនដក ថែមទាំងសុំអន្តរាគមន៍ និងរត់ការបន្តទៀត ដើម្បីសុំគោលការណ៍ចាក់ដីលុបដឹងឈូកនេះឲ្យទាល់តែបាន ធ្វើបែបនេះហាក់មានចេតនាផ្គើននឹងអាជ្ញាធរពេកហើយ ឬមួយគាត់អាងអ្នកកាងពីក្រោយឬយ៉ាងណាទើបមិនខ្លាចញញើតនឹងច្បាប់់យ៉ាងនេះ?។
បន្ទាប់ពីមានការលេចឮករណីចាក់គ្រោងដីលុបបឹងបែបនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងឃុំបឹងសាលាខាងជើង និងឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច បាននាំគ្នារិះគន់ថា អាជ្ញាធរក្នុងតំបន់ហាក់មានចេតនាពន្យាពេល និងគ្មានចំណាត់ការមកលើជនខិលខូច ដែលកំពុងទន្ទ្រានយកដីបឹងរបស់រដ្ឋបំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ។ម្យ៉ាងទៀតថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែដាស់តឿនដល់មន្ត្រីថ្នាក់ក្រោមត្រូវលុបបំបាត់ភាពអសកម្មតាមរយៈអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល​ និងវះកាត់ ហើយត្រូវបម្រើការងារជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ កុំធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងបញ្ហាបំពសនដីបឹងឈូកក្នុងតំបន់ខាងលើ មហាជនក្នុងខេត្តកំពតទាំងមូលសង្ឃឹមថា អាជ្ញាធរស្រុកកំពង់ត្រាច ពិតជារកវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាដោយមិនអនុញ្ញាតឲ្យបុគ្គលមួយគ្រួសារបង្ករាំងស្ទះដល់ពលរដ្ឋរាប់រយគ្រួសារនោះទេ។ហើយបង្គោលដែលជនខិលខូចបោះក្នុងបឹងឈូក គួរតែដកចេញឲ្យផុតពីផ្ទៃបឹង ដើម្បីកុំឲ្យយប់យន់សុបិនមិនល្អ។
សូមជម្រាបថា៖ ករណីជនខិលខូចចង់ក្រសោបយកដីបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច គឺកើតឡើងតាំងពីជំនាន់លោកអភិបាលខេត្តមុន គឺ លោក ចាន់ ចេស្តា មកម្លេះហើយឥឡូវត្រូវនៅអូសបន្លាយរហូតមកដល់អភិបាលខេត្តបច្ចុប្បន្ន ដោយបឹងឈូកនេះ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច លោកបានសន្យាដោយធ្វើសេចក្តីជូនដំណឹង(សជណ)ឲ្យបុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន និងប្រពន្ធឈ្មោះ សេង យិ ដកបង្គោលចេញពីផ្ទៃបឹងឈូកឲ្យអស់ដោយគ្មានលក្ខខ័ណ្ឌ ហើយបើនៅតែរឹងរូស លោកនឹងចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយនេះដែរ គេបានកត់សម្គាល់ថា ត្រង់ចំណុចទីតាំងបឹងឈូករបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ផ្នែកខាងជើងជាប់ផ្លូវជាតិលេខ៣១ ចំណុចស្ពានរូង ក៏ត្រូវគេលួចចាក់ដីលុបស្ទើតែបិទផ្លូវទឹកជិតអស់ទៅហើយ បន្ទាប់ពីហាងឆេងដីធ្លីនៅតំបន់នោះកំពុងឡើងថ្លៃកប់ពពក៕ ដោយ ៖ សេង ណារិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *