ខេត្តសៀមរាប៖ ថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងប្រតិទិនសូរិយាគតិ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ដែលជាឱកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីព្រះពុទ្ធសាសនា ក្នុងកម្មវិធីដែលបានគ្រោងទុក រដ្ឋបាលខេត្តសៀមរាប ត្រូវបានទទួលកាន់វេនទី១០ នៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដោយមានការអញ្ជើញពីឯកឧត្តមលី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ–អង្គភាពជុំវិញខេត្ត បានអញ្ជើញ ចូលរួមដោយទឹកចិត្តជ្រះថ្លា ។
បុណ្យភ្ជំបិណ្ឌ គឺជាបុណ្យដែលត្រូវបានប្រារព្ធឡើងតាមរដូវកាលកំណត់ ជាបុណ្យដែលអនុលោមតាមពុទ្ធប្បញ្ញត្តិផង និងពុទ្ធានុញ្ញាតិផង កប់ជ្រៅក្នុងជំនឿនៃពុទ្ធបរិស័ទ ព្រមទាំងបានក្លាយជាប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។
ក្នុងឱកាសកាន់បិណ្ឌវេនទី១០នេះ ឯកឧត្តម លី សំរិទ្ធ និង ឯកឧត្តម ប្រាក់ សោភ័ណ រួមទាំងឯកឧត្តម លោកជំទាវ អស់លោកលោកស្រី និង ពុទ្ធបរិស័ទបានអញ្ជើញ រាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតាជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពាន។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ដោយបើកទូលាយ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់សព្វថ្ងៃ។
ក្នុងពិធីកាន់បិណ្ឌវេនទី១០នេះ បានវេរប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគ បរិភោគ ចំនួន១៣មុខ រួមនឹង បច្ច័យដល់ព្រះសង្ឃ ក្នុងនោះឯកឧត្តម ប្រាក់ សោភ័ណ បាននាំយកបច្ច័យរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង លោកជំទាវ ចំនួន ៥ពាន់ដុល្លា រួមទាំងរដ្ឋបាលខេត្ត និង ប្រជាពុទ្ធបរិស័ទ នូវបច្ច័យសរុប ៨លាន៣សែនរៀល ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីវត្តប្រាសាទគោកចក និង សីលវ័ន្ត សីលវន្តី ចំនួន ៥០នាក់ ទទួលបានក្នុងម្នាក់ៗ កំណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ៕STN
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

