បច្ច័យប្រមាណជាង៣៧លានរៀល និងស្បងចីវ ដែលចេញពីអង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែវេរប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រះសិអារ្យ សម្រាប់កសាងសាលាធម្មសភា

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៥ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះ វត្តព្រះព្រះសិអារ្យទាំងអស់បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងសាលាធម្មសភា សាលាឆាន់ ក្នុងវត្តព្រះសិអារ្យ ដែលស្ថិតនៅ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ   

ព្រះយសោធរញ្ញាណ ឡោម សុឈាត  បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១.ប្លែកដោយកាល គឺជាកាលទានក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឲ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ .មានប្រាជ្ញាក្លៀវក្លាមុះមុត .មានពណ៌សម្បុរល្អ .មានរូបល្អ.មាន ទ្រង់ទ្រាយល្អ .នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ  

ព្រះគ្រូចៅអធិការ វត្តព្រះសិអារ្យ បានបន្តថាក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និង វិស័យ សង្គមកិច្ចជាដើមផងដែរ។  ព្រះតេជគុណ ឡោម សុឈាត  បានមានថេដីកាបន្ថែមថា បុណ្យកឋិនសាមគ្គី គឺបង្ហាញពីការរួបរួមគ្នារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ឬញាតិញោមមកពីទីជិតឆ្ងាយក្នុងការរួមចំណែកកម្លាំងកាយចិត្ត និងថវិកា (បច្ច័យ) ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយណាមួយឡើយ។

សូមបញ្ជាក់ថានៅឆ្នាំនេះកឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក..២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

  ចំពោះបុណ្យកឋិនទានគឺប្រារព្ធឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង.ដើម្បីផ្តល់កម្លាំងកាយចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ.ដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរនិងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន                                                                    

ដោយ៖ ជន់ ពិទូ ភ្នាក់ងារខេត្តសៀមរាប

Leave a Reply

Your email address will not be published. Required fields are marked *