ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online

ខេត្តសៀមរាប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ

វេលាម៉ោង០៨នឹង០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយបានការចូលរួមពី លោកលោកស្រី ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុងស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ត្រី តូច សុគន្ធ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានផ្សព្វផ្សាយពន្យល់ណែនាំតើអ្វីទៅជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា Scam Online និងលើកឡើងនូវបទពិសោធន៍ការងារដែលអនុវត្តន៍បាននាពេលកន្លងមក។

បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ ពាក់ព័ន្ធពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបច្ចុប្បន្ននេះវាបានកើតមានឡើងនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងពិភពលោក ហើយក៏បានកើតមានជាយូរមកហើយដែរ។ នៅក្នុងពិភពលោកនេះ មិនទាន់មានប្រទេសណាមួយដែលអាចចាត់វិធានការបង្ការទប់ស្កាត់បទល្មើសប្រភេទនេះ ដោយខ្លួនឯងបានទាំងស្រុងនោះទេ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ ដែលកំពុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសប្រភេទនេះ។

ដូចនេះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តការផ្សព្វផ្សាយនេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានយល់ដឹងពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីកាត់បន្ថយហានិភ័យដែលអាចនឹងកើតមានឡើងក្នុងរូបភាពណាមួយ៕STN

Leave a Reply

Your email address will not be published. Required fields are marked *