ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលដឹកនាំការងារបុគ្គលិក និងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។ ដោយមានការចូលរួមពី លោកនាយការិយាល័យបុគ្គលិកប្រតិភូអមដំណើរ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក–លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង–ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារបេតិកភណ្ឌទាំង០៦ផងដែរ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេប ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការសម្រួលផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបានមានប្រសាសន៍លេីកសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ ដែលខិតខំប្រឹងប្រែង បំពេញនូវកិច្ចការងាររបស់ខ្លួនកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំបន្ថែមដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ពង្រឹងគុណភាព ប្រសិទ្ធភាពការងារ និងវិន័យកងកម្លាំងនគរបាលជាតិឲ្យបានម៉ឺងម៉ាត់បំផុត និងជាពិសេសផងដែរត្រូវធ្វើយ៉ាងណារៀបចំចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានជូនពរដល់អង្គពិធីទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

