ខេត្តសៀមរាប៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩ នឹង ៣០ នាទី នៅត្រង់ចំណុចតាមបណ្ដោយផ្លូវ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប ខេត្តសៀមរាប មានករណី លួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់ហិង្សា(ឆក់កាបូប) ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បណ្ដាលឱ្យជនរងគ្រោះឈ្មោះព.ស.ប ភេទ ស្រី អាយុ១៩ឆ្នាំ ដួលម៉ូតូអូសនឹងថ្នល់កៅស៊ូ របួស បែកចិញ្ចើមខាងឆ្វេង និងដាច់រលាត់លើផ្ទៃមុខ ស្មា ដៃ ជង្គង់ ព្រមទាំងបាត់បង់កាបូប ដែលនៅក្នុងនោះមាន ប្រាក់ចំនួន ៤៥០,០០០រៀល ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPHONE 11 ពណ៌ខ្មៅ, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ ក៏ជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ ក្រោយពីទទួលបណ្ដឹង និង សេចក្ដីរាយការណ៍ពីជនរងគ្រោះ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងនគរបាល ចុះធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥វេលាម៉ោង ១៨នឹង៣០នាទី កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យមួយនាក់ ឈ្មោះ ស៊ិន ពុទ្ធបញ្ញារិទ្ធ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរជាងដែក បច្ចុប្បន្នរស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ព្រៃស ពាក់ព័ន្ធករណីឆក់) យកមកធ្វើការសួរនាំ ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាបូប,អត្តសញ្ញាណបណ្ណ ខ្លួនបានយកទៅបោះចោលនៅមុខប្រាសាទតាព្រហ្មខាងលិចហើយប្រាក់ដែលនៅក្នុងកាបូប រូបខ្លួនបានយកទៅចាយវាយអស់ ហើយទូរស័ព្ទរបស់ជនរងគ្រោះ ដោយមិនមានជាប់លេខកូដខ្លួនក៏យកមកប្រើប្រាស់ផងដែរ។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ០១គ្រឿង,ទូរស័ព្ទរបស់ជនរងគ្រោះចំនួន០១គ្រឿង។
កម្លាំងសមត្ថកិច្ចយើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន)។ បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

