បទល្មើសដឹកជញ្ជូនឈើ នៅក្នុងខេត្តក្រចេះ កំពុងសម្រុកដឹកយ៉ាងគគ្រឹកគគ្រេង ពីសំណាក់ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង !


ខេត្តក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសំបូរខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់នៃស្រុកសំបូរ ចូលមកស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដឹកតាមទូកធំៗតាមផ្លូវទឹកចេញទៅតាមបណ្តាស្រុកមួយចំនួនទៀត។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ហៅច័ន្ទ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងស្រុកចំនួន៤ គឺស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង យ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីមន្ត្រីអាជ្ញាធរក្នុងស្រុកទាំង៤ខាងលើនេះបានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ ចាន់ ម៉េងហាំង អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ មួយរូបជាបង្អែកដ៏រឹងមាំនៅពីក្រោយខ្នង។ ចំណែកលោក សាន្ត ប៊ុនថាន់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនហ៊ានចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ចាន់ ម៉េងហាំង នោះទេប្រហែលជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍។

ប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើពីព្រៃឡង់ ឆ្លងកាត់ស្រុកព្រៃប្រសព្វ ចូលទៅកំពង់ដតាយី ឬកំពង់ដព្រែកតាហ៊ុក(ត្រើយម្ខាង) ឆ្ពោះទៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម យ៉ាងរលូនព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះឡើយ។ ក្នុងមួយយប់ៗឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើចេញពីព្រៃឡង់ស្រុកសំបូរ ប្រមាណពី១០ទៅ១៥រថយន្ត ហើយមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានជាអ្នកសម្របសម្រួលបើកផ្លូវដើម្បីជាថ្នូរនឹងផលប្រយោជន៍។

ប្រជាពលរដ្ឋក្នុងស្រុកសំបូរ បានឲ្យដឹងថា នៅពេលពួកគាត់ដឹកឈើបន្ទិចបន្ទួចដើម្បីធ្វើផ្ទះសម្បែងតែងត្រូវមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើចាត់វិធានការបង្ក្រាបផាកពិន័យដោយពុំមានការយោគយល់ឡើយ។ ប៉ុន្តែនៅពេលឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែច្នៃនិងតាមទូកធំៗយ៉ាងពេញបន្ទុកជារៀងរាល់យប់ មិនដែលឃើញមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ព្រោះឈ្មួញម្នាក់នេះមានមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ មួយរូបជាបង្អែករឹងមាំ។ សូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យឈ្មួញឈ្មោះ ចាន់ ម៉េងហាំង បន្តប្រព្រឹត្តបទល្មើសព្រៃឈើក្នុងស្រុកសំបូរ ស្រុកចិត្របុរី ស្រុកព្រែកប្រសព្វ ស្រុកឆ្លូង យ៉ាងពេញបន្ទុកដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *