
សៀមរាប ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងវត្តមុនធ្យាន ភូមិគោកឫស្សីខាងជើង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចាត់ លោកឧត្តមសេនីយ៍ត្រី ស៊ី ជីវ ស្នងការរង ដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក សេង សុផាត កងឯកភាព កងការពារព្រំដែនលេខ៤០២ ខាងអូរស្មាច់ ច្រកតាមឿង ដែលបានពលីជីវិតដោយសារពុលផ្សែងពុល នៅសមរភូមិ ។
មរណភាពរបស់សពលោកអនុសេនីយ៍ឯក សេង សុផាត គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា ហើយក៏ជាការបាត់បង់នូវមន្រ្តីដ៏ឆ្នើម និងដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ក្នុងស្មារតីតស៊ូបំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក សេងសុផាត បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ ៕
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ
ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

