
សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយលើ ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយ–នាយរងផ្នែកលោកនាយ–នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើផងដែរ ។
ជាមួយគ្នានេះផងដែរក៏មានការធ្វើបទអន្តរាគមន៍ពីលោកអធិការ និងកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធិភាពល្អបន្ថែមទៀត ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ។ បន្ថែមលើនោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏មានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បង្កើនសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន មានកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ច ក្នុងភូមិសាស្ត្រខេត្តដែលជាប់ព្រំប្រទល់គ្នា ពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារ ធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកធ្វើដំណើរកំសាន្ត នៅតំបន់រមណីយដ្ឋានផ្សេងៗនៅក្នុងភូមិសាស្ត្រស្រុក ពិសេសយកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង ,អាវុធគ្រឿងផ្ទុះកែច្នៃ,គ្រឿងញៀន,ល្បែងស៊ីសង,គ្រោះថ្នាក់ចរាចរណ៍, បទល្មើស Scam Online និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានឡើង ក៏ដូចជា បន្តការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ និងសូមជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ
ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

