សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំគណៈស្នងការ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ស៊ីម ចាន់នី នាយរងផ្នែកស៊ើបការណ៍ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៥ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក ដែលបានពលីជីវិតក្នុងសមរភូមិការពារការឈ្លានពានទឹកដីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
មរណភាពរបស់លោកលោកវរសេនីយ៍ត្រី ស៊ីម ចាន់នី គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា ហើយក៏ជាការបាត់បង់នូវមន្រ្តីដ៏ឆ្នើម និងដ៏អង់អាចក្លាហាន មួយរូបដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ក្នុងស្មារតីតស៊ូបំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ស៊ីម ចាន់នី បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ ៕
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៍មាន ខេមេឌៀ
សារព័ត៌មាន ពន្លឺខ្មែរអមតៈ


