
សៀមរាប ៖ នៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំគណៈស្នងការ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ រ័ត្ន មុន្នី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានពលីជីវិត ដោយសារសង្គ្រាម ពេលកំពុងចុះបេសកកម្ម ល្បាត ការពារសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យ សម្បត្តិ និងផ្ទះសំបែងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ពិធីបុណ្យសពរៀបចំធ្វើនៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប ។
មរណភាពរបស់លោកវរសេនីយ៍ទោ រ័ត្ន មុន្នី គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា ហើយក៏ជាការបាត់បង់នូវមន្រ្តីដ៏ឆ្នើម និងដ៏អង់អាចក្លាហាន មួយរូបដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ក្នុងស្មារតីតស៊ូបំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជន ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ រ័ត្ន មុន្នី បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ ៕
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៍មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ
ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

