
ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត គុជ លី ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានឌីជីថលកម្ពុជា(ហៅកាត់ថា CADA)និងលោក ឈួយ វាស្នា ប្រធានសមាគមកាដាសាខាខេត្តសៀមរាប រួមជាមួយសហការី និងអាជ្ញាធរសង្កាត់ស្លក្រាម ក្រុងសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ស្បៀងអាហារដល់បងប្អូនជនភៀសសឹក ចំនួនជាង១០០គ្រួសារ ដែលបានជម្លៀសខ្លួនមកពីតំបន់មានសង្គ្រាមព្រំដែនកម្ពុជា–ថៃ ហើយកំពុងស្នាក់នៅក្នុងវត្តពោធិ៍ពីដើម ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកបណ្ឌិត គុជ លី បានថ្លែងទៅកាន់បងប្អូនជនភៀសសឹកថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្មផ្ដាច់ជីវិត ដោយមិនរើសមុខទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ លោកបណ្ឌិត បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹម ដោយមិនអាចយកមកជាមួយបានឡើយ។ទុក្ខលំបាកនេះ បានធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព។
លោកបណ្ឌិត គុជ លី ក៏បានបញ្ជាក់ផងដែរថា អំណោយជាគ្រឿងឧបភោគបរិភោគដែលយកមកចែកជូននាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគរបស់សមាជិសមាជិកា សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មាន ឌីជីថលកម្ពុជា (ហៅកាត់ថា CADA) ក្នុងខេត្តសៀមរាប ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ប្រកបដោយទឹកចិត្តស្មោះសរ និងសាមគ្គីភាពខ្ពស់ ស្របពេលដែលប្រទេសយើងកំពុងមានការឈ្លានពានពីប្រទេសសៀម៕
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ
ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199
អត្ថបទ និងរូបភាព៖ ជន់ ពិទូ

