លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាលឆ្នាំពាក់ព័ន្ធ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង ០៩នឹង៣០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាលឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គណៈប្រតិភូអមដំណើរ អង្គភាពពាក់ព័ន្ធលោកលោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុងស្រុកទាំង១៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ ផងដែរ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ដោយសេចក្ដីសោមនស្សរីករាយនិងជ្រាលជ្រៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ការិយបរិច្ឆេទ២០២៤ និងបណ្តាលឆ្នាំពាក់ព័ន្ធ និងបានរាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការ ដែលសម្រេចបាននាពេលកន្លងមករបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីភារកិច្ច បំពេញការងារកន្លងមក របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្តទៀតថា ការចុះធ្វើសវនកម្មនាពេលនេះ គឺផ្តោតសំខាន់លើការពង្រឹងនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព សំដៅរួមចំណែកពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងត្រួតពិនិត្យឡើងវិញនូវការតាមដាន និងដាក់ចេញនូវអនុសាសន៍កែលម្អចំនុចខ្វះខាតនិងហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណៈប្រតិភូ  បានជូនពរដល់កងកម្លាំងទាំងអស់នៃអង្គពិធីទាំងមូល មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

Leave a Reply

Your email address will not be published. Required fields are marked *