កិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប នៅព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក . ២៥៦៩ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតី  ក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោកលោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុងស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ

ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចការងារជំនាញ រក្សាសន្តិសុខ និងអនុវត្តឱ្យបានរាល់កិច្ចការងារដែលថ្នាក់ដឹកនាំប្រគល់ជូន និងជាពិសេសផងដែលការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវអនុវត្តឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព ក្នុងនោះផងដែរក៏មានការធ្វើបទអន្តរាគមន៍ តាមបណ្តាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុងស្រុក ដែលពាក់ព័ន្ធ អំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានរៀបចំអាហារសាមគ្គីជូនដល់សមាជិកនៃអង្គប្រជុំទាំងមូលផងដែរ និងជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ

Leave a Reply

Your email address will not be published. Required fields are marked *