ព្រះយសោធរញាណ ឡោម សុឈាត, លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីស័ក្តិ និងសហការី នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋជាជនភៀសសឹក មកស្នាក់នៅក្នុងវត្តអូរជុំបន្ទាយជ័យ និងវត្តទួលស្លែងតេជះរង្សី

(សៀមរាប) ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគកិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីស័ក្តិ ព្រមទាំងព្រះភិក្ខុសង្ឃ ញាតិញោមពុទ្ធបរិស័ទ្ធក្រុងសៀមរាប នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ បាននិមន្តនាំយកអំណោយមនុស្សធម៌ចុះជួប សំណេះសំណាលជាមួយពលរដ្ឋភៀសសឹកជិត ២០០គ្រួសារ មកស្នាក់នៅក្នុងវត្តអូរជុំបន្ទាយជ័យចំនួន ១០០គ្រួសារ និងវត្តទួលស្លែងតេជះរង្សីចំនួនជាង ៦០គ្រួសារ ស្ថិតនៅឃុំស្រណាល  ដែលបានមកស្នាក់នៅបណ្តោះអាសន្នក្នុងមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប។

នាឱកាសនោះ ព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគកិត្តិយស និងជាព្រះចៅអធិការវត្តព្រះសិអារ្យ មានសង្ឍដីការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តសាមគ្គីភាព និងឯកភាពគ្នាឱ្យបានរឹងមាំបន្តទៀត ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងបន្តជឿជាក់លើថ្នាក់ដឹកនាំ ក្នុងចំណាត់ការការពារទឹកដីនាពេលនេះ, ព្រះយសោធរញាណ ឡោម សុឈាត អះអាងថា បើយើងរួមកម្លាំង សាមគ្គីគ្នាបានរឹងមាំ នោះជាតិយើងនឹងកាន់តែខ្លាំងក្លា និងឈ្នះអស់ពួកមាសត្រូវទាំងឡាយជាក់ជាមិនខាន។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីស័ក្តិ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អំពីស្ថានភាពដែលចោរសៀមកំពុងឈ្លានពានបូរណភាពដែនដីនៃយើង ដែលបានបង្កឱ្យ បាត់បង់ជីវិតពលរដ្ឋស្លូតត្រង់ រងរបួសខូចខាតនៅប្រាសាទបុរាណក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ហើយបានអំពាវនាវឱ្យពលរដ្ឋត្រូវជឿទុកចិត្ត នូវយុទ្ធសាស្ត្រ និងភាពអត់ធ្មត់ ស្ងាត់តែមិនស្ងៀម របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីសុខសន្តិភាព ជាពិសេស គឺការគោរពនូវបទឈប់បាញ់ រវៀងប្រទេសទាំងពីរ ដែលមានលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ជាហត្ថលេខី។

បន្ថែមពីនេះដែរលោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីស័ក្តិ ក្រៅពីការសាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋភៀសសឹកហើយនោះលោកក៏បានលើកពីការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេ តែងតែអនុវត្តនូវវិធានការការពារទឹកដីការពារសុខសន្តិភាព និងបញ្ជៀសសង្គ្រាម កុំឱ្យកើតមានឡើងដើម្បីទទួលបានភាពសុខសាន្ត ជូនដល់ប្រជាពលរដ្ឋ, ជាក់ស្តែងកាលតាមរយៈយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយប្រើប្រាស់ច្បាប់ និងការទូត ដោយមិនចាំបាច់ប្រើកម្លាំងហិង្សាជាអាវុធនោះ បានបញ្ចប់សង្គ្រាមជាមួយថៃរួចម្តងមកហើយ។

ជាក់ស្តែងនាពេលថ្មីនេះក្រុមទាហានថៃ នៅតែបានបន្តធ្វើអរិយភាព មកលើប្រជាពលរដ្ឋកម្ពុជានៅតាមបន្ទាត់ព្រំដែន និងបានបាញ់ប្រហារមកលើកងទ័ពកម្ពុជា ដោយបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីថ្លែងការណ៍រួមស្តីពី «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា និងលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ ក្រោមវត្តមានលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមកម្ពុជា និងថៃ។

ដោយសារតែការស្រឡាញ់សុខសន្តិភាព មិនចង់ឱ្យកើតមានសង្គ្រាម សម្តេចទាំងទ្វេរបានបញ្ជារឱ្យគ្រប់កងកម្លាំងទាំងអស់ កុំបាញ់តបតជាមួយក្រុមទាហានថៃក្នុងរយៈពេល១២ម៉ោង ដោយសង្ឃឹមថា ទាហានថៃ នឹងបញ្ឈប់ការធ្វើសង្គ្រាមជាមួយនឹងអ្នកដែលមិនបានតបតជាមួយខ្លួន, ទោះយ៉ាងណាក្រុមទាហានថៃ នៅតែបន្តធ្វើសកម្មភាពបាញ់មកលើទាហានខ្មែរជាបន្តបន្ទាប់ រហូតដើរដល់បន្ទាត់ក្រហម ដែលធ្វើឱ្យសម្តេចតេជោ អស់ការអត់ធ្មត់ និងបានដាក់ចេញវិធានការការពារខ្លួន ដោយបានបញ្ជារឱ្យកងទ័ពបើកការបាញ់ប្រហារតប គ្រប់គោលដៅទាំងអស់ដើម្បីកម្ទេចខ្មាំងសត្រូវ។

សូមបញ្ជាក់ផងដែរថា អំណោយជាគ្រឿងឧបភោគបរិភោគដែលយកមកចែកជូននាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគរបស់សប្បុរសជននានានិងថវិការផ្ទាល់ខ្លួន ក្នុងស្មារតីខ្មែរជួយខ្មែរប្រកបដោយទឹកចិត្តស្មោះសរ និងសាមគ្គីភាពខ្ពស់ ស្របពេលដែលប្រទេសយើងកំពុងមានការឈ្លានពានពីប្រទេសសៀម៕អត្ថបទ ជន់ ពិទូ

Leave a Reply

Your email address will not be published. Required fields are marked *