សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចុះសួរសុខទុក្ខបងប្អូនស្ត្រីមានផ្ទៃពោះ និង ទើបសម្រាលកូន នៅមណ្ឌលសុវត្ថិភាពងក្រុងសៀមរាប

សៀមរាប៖ កាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូនស្ត្រីទើបសម្រាលកូនថ្មីៗ និង ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ ដែលត្រៀមសម្រាលនៅពេលខាងមុខដ៏ខ្លី កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងក្រុងសៀមរាបខេត្តសៀមរាប  

ក្នុងឱកាសជួបបងប្អូននៅតាមជម្រកស្នាក់នៅនោះដែរ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានជួបសំណេះ សំណាល សួរសុខទុក្ខយ៉ាងកក់ក្ដៅដល់ស្ត្រីជាមាតាទារក និងស្ត្រីមានផ្ទៃពោះ ចំនួន ១៦នាក់ ដែលកំពុងស្នាក់នៅទីតាំងមណ្ឌលសុវត្ថិភាព ផ្សាររាត្រី ផ្លូវ ៦០ម៉ែត្រ, វត្តពោធិពីរដើម និង វត្តប្រាសាទត្រាំនាគ ជាមួយគ្នានោះលោកជំទាវ ក៏បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះ បងប្អូនស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ និងស្ត្រីទើបសម្រាលកូនថ្មីៗ ដែលបានភៀសសឹកពីតំបន់សង្រ្គាមឈ្លានពានពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ បានមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ក្នុងនោះលោកជំទាវក៏បានសម្តែងនូវការអាណិតអាសូចំពោះបងប្អូនភៀសសឹក សំខាន់បងប្អូនស្ត្រីមានផ្ទៃ ពោះជិតគ្រប់ខែ និងទើបសម្រាលកូនរួច មកស្នាក់នៅតាមទីជម្រកបណ្តោះអាសន្ន មិនដូចផ្ទះសម្បែងរបស់ខ្លួនឡើយ ក្នុងនោះដែរលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ក៏បានធ្វើការណែនាំមួយចំនួនដល់បងប្អូនជាស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ និង អ្នកទើបសម្រាលកូនថ្មីៗ ត្រូវអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ និង ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ព្រមទាំងនាំកូនទើបនឹងកើត និង កុមារតូចៗ ទៅទទួលការចាក់វ៉ាក់សាំងការពារជម្ងឺ ឲ្យបានទៀងទាត់ទៀតផង លោកជំទាវបានសំណូមពរដល់គណៈគ្រប់គ្រងមណ្ឌលភៀសសឹក ជួយសម្របសម្រួលទៅលើបងប្អូនស្ត្រីមានផ្ទៃពោះគ្រប់ខែនៅពេលយប់ព្រលប់ ជួយបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា

ក្នុងនោះដែរលោកជំទាវក៏បាននាំយកអំណោយរបស់សំណាក់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ស្ត្រីមានផ្ទៃពោះ និងទើបសម្រាលកូនថ្មី ម្នាក់ៗ នូវសម្ភារៈបរិក្ខាសម្រាប់កូនង៉ែត ១កន្ត្រក់ និង អង្ករ ២០គក្រ ព្រមទាំងឧបត្ថម្ភ ថវិកា ២០០ដុល្លា ដល់ស្ត្រីមានជម្ងឺរាំរ៉ៃសម្រាប់លាងឈាម   ក្នុងនោះលោកជំទាវ ខេង សំវ៉ាដា សមាជិការដ្ឋសភា មណ្ឌលកំពង់ស្ពឺ ឧបត្ថម្ភថវិកាមួយចំនួនផងដែរ

ឆ្លៀតឱកាសនោះដែរលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានជួបសំណេះសំណាលជាមួយបងប្អូនភៀសសឹក ព្រមទាំងបានប្រគល់អំណោយរបស់សប្បុរសជនជាគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ ដល់បងប្អូនភៀសសឹក ចំនួន ២៧៨គ្រួសារផងដែរ

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

                                                                                         

Leave a Reply

Your email address will not be published. Required fields are marked *