
សៀមរាប៖ ព្រះសង្ឃនិងសប្បុរសជនក្នុងក្រុងខេត្តសៀមរាបដឹកនាំដោយព្រះយសោធរញាណ ឡោម សុឈាត ព្រះរាជាគណកិត្តិយស និង ជាព្រះគ្រូចៅអធិការវត្តព្រះសិអារ្យ កាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បាននិមន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគរួមជាមួយនិងបច្ច័យមួយចំនួនដែលបានមកពីចៅអធិការវត្តនិងសប្បុរសជនជិតឆ្ងាយមួយចំនួន នៅក្នុងក្រុងសៀមរាប សម្រាប់ចែកជូនកងទ័ព ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ។
ព្រះយសោធរញាណ ឡោម សុឈាត បានមានថេរៈដីដីកាកោតសរសើរ ដល់កងទ័ពទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនបានលះបង់កម្លាំងកាយចិត្ត ការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសុខសន្តិភាពស្ថិរភាព ជាពិសេសបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារគ្រប់គ្រងព្រំដែន។
ព្រះតេជគុណបានបញ្ជាក់ថា សកម្មភាពមកសួរសុខទុក្ខកងទ័ពជួរមុខនេះ ក្នុងបំណង ផ្សារភ្ជាប់មនោសញ្ចេតនារំលែកការលំបាករវាងព្រះសង្ឃ និងកងទ័ព ក្នុងន័យជួយលើកទឹកចិត្ត បានដឹងពីសុខទុក្ខកងទ័ពមានភារកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនជួរមុខ ដើម្បីបូរណភាពទឹកដី ហើយព្រះសង្ឃ និងប្រជាពុទ្ឋបរិស័ទនៅជួរក្រោយ និងមិនដែលភ្លេចសោះឡើយពីសុខទុក្ខ ការលំបាក និងការលះបង់កម្លាំងកាយចិត្តរបស់វីរៈកងទ័ពខ្មែរដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារមាតុប្រទេសកម្ពុជាឡើយ ៕ អត្ថបទ និងរូបភាព៖ លោក ជន់ ពិទូ
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ
ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199


