លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាងចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការងារប្រឡងប្រណាំង ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក . ២៥៦៩ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំ សណ្ឋាគារសុខាល័យអង្គរ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរង ដឹកនាំសហការីចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការងារប្រឡងប្រណាំង ស្ដីពីការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត , ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប,លោកលោកស្រី ស្នងការរង, លោកអធិការនគរបាល ក្រុងស្រុកទាំង១៣,លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលរដ្ឋបាលទាំង ១០០,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត,តំបន់ប្រតិបត្តិការសឹករងខេត្ត,រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ៣៥០នាក់

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមសួសអង្គារ៍រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ដែលបានអញ្ជេីញចលរួមក្នុងផ្តល់អនុសាសន៍សំខាន់និងណែនាំបន្ថែមអំពីចំណុចខ្វះខាតដែលបានអនុវត្តកន្លងមក។

លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរង  បានមានមតិស្វាគមន៍ និងរាយការណ៍ដោយសង្ខេបជូន ឯកឧត្តមគណៈអធិបតីនិងអង្គប្រជុំទាំងមូល អំពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ក្នុងកិច្ចប្រជុំនាឱកាសនោះដែល ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ វាយតម្លៃខ្ពស់ និងឯកភាព ចំពោះរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាមួយគ្នានោះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ណែនាំបន្ថែមដូចខាងក្រោម :

ជំរុញលើកទឹកចិត្តដល់កម្លាំងប្រជាការពារ ផ្គត់ផ្គង់នូវឯកសណ្ឋាន ក៏ដូចជាសម្រួលដល់សេវាសាធារណៈផ្សេងៗ ជូនដល់គាត់ និងក្រុមគ្រួសារ

បន្តការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេស បងប្អូនជនភៀសសឹក

ស្នើដល់អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ សហការចូលរួមការអនុវត្តការងារនគរបាល និងសហគមន៍ អោយកាន់តែមានភាពល្អប្រសើរឡើង

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវមានកិច្ចសហការល្អជាមួយកម្លាំងការិយាល័យជំនាញ ក្នុងការបង្ការ និងបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តដីកា អោយបានលឿន និងឆាប់រហ័ស

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះធ្វើរដ្ឋបាលចំហ ឲ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម និងយកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង ,គ្រឿងញៀន,ល្បែងស៊ីសង និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានក្នុងមូលដ្ឋានផងដែរ

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងទាំងអស់ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ត្រូវពង្រឹងសមត្ថភាពកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងប្រជាការពារទាំងអស់ ខិតខំបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ អោយកាន់តែមានភាពល្អប្រសើរឡើង

ជាកិច្ចបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍

សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ

ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

 

Leave a Reply

Your email address will not be published. Required fields are marked *