មន្រ្តីនគរបាល២នាក់ ម្នាក់ជាអធិការរងនគរបាលស្រុកបវេល ត្រូវបាន ACU បញ្ជូនទៅតុលាការ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

រាជធានីភ្នំពេញ៖ មន្រ្តីនគរបាល២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួននឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីមន្ត្រីខាងលើនេះបានលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ យោងតាមសេចក្តីរាយការណ៍ពីតុលាការ ដែលបណ្តាញព័ត៍មាន ទទួលបានកាលពីថ្ងៃចន្ទ័ទី២៦ខែឧសភា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់បណ្តាញព័ត៌មាន កាលពីរសៀលថ្ងៃនោះថា៖ ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងសូកប៉ាន់និងបទសម្អាតប្រាក់តាមមាត្រា៣២នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយមាត្រា២៧មាត្រា៦០៥នៃក្រមព្រហ្មទណ្ឌនិងមាត្រា៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការ លោក ទុង រតនា លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលទាំង២នាក់រួមមាន៖ ទី១៖ ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ) ទី២៖ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល៕

Leave a Reply

Your email address will not be published. Required fields are marked *