ខេត្តសៀមរាប៖ ករណីជនសង្ស័យចំនួន០២ក្រុម បានប្រើប្រាស់ (អាវុធ កែច្នៃខុសច្បាប់) កាលពីនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦និង១៦នាទី អំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី ) និងនៅចំណុចភូមិទ័ពស្វាយ ឃុំ ជប់តាត្រាវ ស្រុកអង្គរធំខេត្តសៀមរាប ដែលហេតុការណ៍ នេះបង្ករឡើង ដោយជនសង្ស័យ ចំនួន ០២ក្រុម មានគ្នាចំនួន ១២នាក់ ក្រោយពីប្រព្រឹត្តអំពើហិង្សារួចពួកគេបាននាំគ្នាគេចខ្លួនអស់។
ករណីខាងលើ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងបានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន ០២ក្រុម ដែលមានគ្នាចំនួន ១១នាក់ យកមកធ្វើការសាកសួរ៖
ក្រុមទី១ មានគ្នាចំនួន ០៥នាក់៖ ១.ឈ្មោះ ប៉ន ពិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ហាស់ ហុច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ, ៣.ឈ្មោះ ហាស់ ហួន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ, ៤.ឈ្មោះ ហាស់ ហ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កសិករ, និង៥.ឈ្មោះ ហាស់ ហៀម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ អ្នកទាំង ៥នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។
ក្រុមទី២ មានគ្នាចំនួន ០៦នាក់៖ ១.ឈ្មោះ សៃ សាញ់ ហៅសូយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ភាព សុភារ៉ាភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ អ្នកទាំង ២នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំខេត្តសៀមរាប, ៣.ឈ្មោះ គួយ ស៊ីណាត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រះ ឃុំរើលស្រុកពួក ខេត្តសៀមរាប, ៤.ឈ្មោះ ស៊ាត សាក់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប, ៥.ឈ្មោះ មឿត មុត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិអន្ទឹតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប, និង៦.ឈ្មោះ ញ៉ាន វណ្ណៈ ហៅខ្នីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។
នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំងពីរក្រុមខាងលើ បានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សា និងប្រដាក់ដោយអាវុធ វាយតបតគ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួស លុះដល់ថ្ងៃបន្ទាប់ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនក្រុមរបស់ខ្លួនតែម្តង។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចធ្វើការដកហូតបានរួមមាន៖ ដំបងដែកជ្រុងចំនួន ១ដើម, ដែកក្តារវីបេតុងចំនួន ១ដើម, កាំបិតព្រាចំនួន១ដើម, កាំបិតខ្វែវចំនួន ៣ដើម និងជំពាមកៅស៊ូចំនួន១, ដាវសាំម៉ូរៃចំនួន ១ដើម, កាំបិតផ្គាក់ចំនួន ១ដើម, ពូថៅចំនួន ២ដើម, កាំភ្លើងកែច្នៃចំនួន ១ដើម និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួនទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួនកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ស្នើសុំដីការតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ត៕