
សៀមរាប៖ កាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ព្រះវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និង ព្រះមហាចារ សំ សារ៉ូន ចៅអធិការខ្មែរខេមរៈពុទ្ធិការាម (ហៅវត្តវេឡូរ៍) សហរដ្ឋអាមេរិក បានដឹក
នាំពុទ្ធបរិស័ទចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ផ្តល់ជូនបងប្អូនវីរៈកងទ័ពឈរជើងនៅជួរមុខចំនួនបីកន្លែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ព្រះវិចិត្រវង្សា ហែម គឹមសាន បានមានព្រះថេរដីកាថ្លែងអំណរគុណដល់បងប្អូនវីរៈកងទ័ពជួរមុខ ដែលបានខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនជាតិមាតុភូមិ។ ព្រះអង្គមានព្រះទ័យស្រណោះបងប្អូនវីរៈកងទ័ពដែលត្រូវប្រឈមនឹងការលំបាកសព្វបែបយ៉ាង និងឆ្ងាយពីកូន ប្រពន្ធ គ្រួសារសាច់ញាតិ និងឪពុកម្ដាយ ហាលភ្លៀងហាលខ្យល់ ដើម្បីទឹកដីខ្មែរ និងប្រជារាស្រ្តខ្មែរបានសុខសាន្ត។
ជាមួយគ្នានោះ ព្រះមហាចារ សំ សារ៉ូន មានថេរដីកាដែរថា ការការពារខ្លួន និងការពារទ្រព្យសម្បត្តិ ទឹកដី ព្រមទាំងអាយុជីវិត គឺយើងត្រូវតែការពារក្នុងករណីមានគេមកបំពាន ឬមកឆក់ប្លន់។ ព្រះអង្គបន្ថែមទៀតថា ការការពារទឹកដីនេះ ជាការបំពេញកតញ្ញូដ៏ប្រសើរណាស់ ហើយផលនៃកតញ្ញូនេះនឹងនាំឱ្យកងកម្លាំងប្រកបតែនឹងសុខចម្រើនជានិច្ច។ ព្រះអង្គបានបួងសួងដល់វត្ថុស័ក្តសិទ្ធិទាំងអស់នៅលើលោក សូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យទទួលបានជោគជ័យលើសត្រូវដែលឈ្លានពានទឹកដីរបស់យើង និងដើម្បីថែរក្សាការពារសុខសន្តិភាព។
តំណាងវីរៈកងទ័ពក៏បានធ្វើការថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការទាំងពីរ និង ព្រះសង្ឃ បងប្អូនពុទ្ធបរិស័ទ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួមទាំងថវិកា ក្នុងការទ្រទ្រង់ដល់កងកម្លាំងជួរមុខ ដែលបានកំពុងការពារអធិបតេយ្យភាពបូរណភាពទឹកដី ដើម្បីសុខសន្តិភាពស្ថិរភាពជូនជាតិមាតុភូមិ។ ទោះបីមានភាពលំបាកយ៉ាងណាក៏ដោយ យុទ្ធមិត្តយើងប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី មិនឱ្យខ្លាំងសត្រូវឈ្លានពានបានឡើយ៕
សារព័ត៌មាន សៀមរាបទាន់ហេតុការណ៍
សារព័ត៌មាន ពន្លឺខ្មែរអមតៈ&សារព័ត៌មាន ខេមេឌៀ
ទំនាក់ទំនងផ្សាយ៖ព័ត៌មាន៖092311499.0882961199

