ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បន្តដឹកនាំក្រុមការងារចម្រុះ ចុះត្រួត​ពិនិត្យ​ស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

អនុរដ្ឋលេខាធិការ ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តម ប៉ែន ផល្លីកា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តដឹកនាំក្រុមការងារជំនាញ ដែលមានលោក ប៉ែន សេរីវុទ្ធី អនុប្រធានការិយាល័យវិវាទកម្ម លោកសេង សុងលី នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ស្តីទី និងសហការី លោក លីវ សេងហ៊ីម អភិបាល នៃគណៈអភិបាលស្រុកក្រគរ កងកម្លាំងយុទ្ធភូមិភាគ៥ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ កងរាជអាវុធហត្ថ សរុបចំនួន២៤នាក់ ដោយប្រើប្រាស់កាណូតចំនួន៣គ្រឿង។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះបាន២ករណី ទី១.នៅចំណុចជ្រោយស្តី ភូមិត្រពាំងរំដេញ ដោយបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន ០១របាំងប្រវែង ១៥០ម៉ែត្រ, ឡុកសាច់អួនចំនួន១គ្រឿង, លូកងសាច់អួនចំនួន១មាត់, បង្គោលកូនឈើ ចំនួន៣០ដើម និងបានចាក់លែងកូនត្រីចម្រុះប្រមាណ ១០គីឡូក្រាមចូលបឹងទន្លេសាបវិញ ទី២.នៅចំណុចកំពង់ថ្គោល បានរុះរើបង្គោលឈ្នក់ចំនួន២កន្លែង ស្មើនឹង៣២ដើម។

នាដំណើរបេសកកម្មនោះ ឯកឧត្តម ប៉ែន ផល្លីកា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់មន្រ្តីអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបង្រ្កាប ដោយបានកត់សម្គាល់ឃើញថាឧបករណ៍ខុសច្បាប់មានការថយចុះច្រើន ជាពិសេសរបាំងស្បៃមុង ដែលធ្វើឱ្យកូនត្រីដូចជា៖ ត្រីប្រា ត្រីពោ និងត្រីរៀលជាដើម បានបង្ហាញខ្លួនជាច្រើនគួរឱ្យកត់សម្គាល់ និងប្រជានេសាទ​​យល់ដឹងពីការប្រើប្រាស់ឧបករណ៍នារដូវបិទនេសាទនេះជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *