ខេត្តព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ–និយោជិតជាង៣ម៉ឺន២ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។
សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនបានឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជាហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ក្នុងការខិតខំស្វែងរកការងារធ្វើបង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង។ ទន្ទឹមនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ដរាបណាប្រទេសជាតិយើងបន្តមាន សុខសន្តិភាព រក្សាបាននូវស្ថិរភាពនយោបាយ ប្រទេសជាតិយើងនឹងមានឱកាសអភិវឌ្ឍរីកចម្រើន ទៅមុខបន្តទៀត តាមរយៈជំហ៊ានគីង្គក់ ពោលគឺយើងមិននៅស្ងៀមនោះទេ។
គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស កើនឡើងដល់ ៣៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត សរុបជាង១១ម៉ឺន នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ អាម៉េរិក ។ បើគិតទូទាំងប្រទេស ពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករ–និយោជិត ជាមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥,៩ពាន់លានដុល្លារអាម៉េរិក ។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករ–និយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក ។
ការវិនិយោគបង្កើតរោងចក្រសហគ្រាស បានផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោល ដែលបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនជាបន្តបន្ទាប់ ៕