ខេត្តសៀមរាប៖ នៅថ្ងៃអង្គារ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលបានចុះផ្សព្វផ្សាយច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួន ព្រមទាំងបានធ្វើការណែនាំជនបរទេសអន្តោប្រវេសន្តទាំងអស់ អំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដល់ជនបរទេសអន្តោប្រវេសន្តដែលកំពុងរស់នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេសខេត្តសៀមរាប បានធ្វើការណែនាំជនបរទេសអន្តោប្រវេសន្តទាំងអស់ អំពីអត្ថប្រយោជន៍នៃប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងបានធ្វើការក្រើនរំលឹកនិងណែនាំបន្ថែមចំនួន០៦ចំនុចដូចខាងក្រោម៖ ១–ត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
២–បណ្ណស្នាក់នៅអចិន្ត្រៃយ៍មានសុពលភាពរយ:ពេល០២ឆ្នាំ មុនផុតសុពលភាពរយ:ពេល០៣ខែ សាម៉ីខ្លួនត្រូវទៅបំពេញបែបបទស្នើសុំបន្តសុពលភាពឱ្យបានត្រឹមត្រូវ។ជនបរទេសអន្តោប្រវេសន្តដែលប្រើប្រាស់បណ្ណស្នាក់នៅផុតសុពលភាព ត្រូវទទួលរងការពិន័យអន្តរការណ៍ជាប្រាក់ ចំនួន១លានរៀល។
៣–នៅពេលមានការផ្លាស់ប្តូរទីលំនៅ ជនបរទេសអន្តោប្រវេសន្តត្រូវស្នើសុំការបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនមានលំនៅឋាន មុនពេលចេញដំណើរ និងត្រូវទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនតាំងលំនៅឋានថ្មី ក្នុងរយ:ពេល៤៨ម៉ោង បន្ទាប់ពីបានទៅដល់។ ករណីជនបរទេសអន្តោប្រវេសន្តមិនបានបំពេញកាតព្វកិច្ចត្រង់ចំនុចនេះ និងត្រូវទទួលរងការពិន័យអន្តរការណ៍ជាប្រាក់ចំនួន១លានរៀល។
៤–ចំពោះកូនក្នុងបន្ទុកមានឈ្មោះក្នុងឧបសម្ព័ន្ធប្រកាសទទួលស្គាល់ឪពុក ម្តាយ ដែលគ្រប់អាយុ១៨ឆ្នាំ ត្រូវទៅបំពេញបែបបទស្នើសុំបណ្ណស្នាក់នៅឱ្យបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់។
៥–ត្រូវរាយការណ៍ពីវត្តមានជនបរទេសដែលចូលមកស្នាក់នៅថ្មី ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងរយ:ពេល២៤ម៉ោង។ករណីកូនកើតថ្មីត្រូវរាយការណ៍ជូនមេភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីតម្លើងបញ្ជីគ្រប់គ្រងឱ្យបានច្បាស់លាស់។ករណីមានអ្នកស្លាប់ ត្រូវរាយការណ៍ជូនមេភូមិនិងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកំណត់ហេតុពិនិត្យសព និងធ្វើរបាយការណ៍ស្នើសុំគោលការណ៍កាត់ចេញពីបញ្ជីប្រថាប់ត្រាក្រសួង។
៦–ករណីបាត់ប្រកាសទទួលស្គាល់ ឬបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ត្រូវដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងត្រូវបំពេញបែបបទស្នើសុំបណ្ណស្នាក់នៅទុតិយតា។
លោក អភិបាលរងខេត្តក៏បានផ្តាំផ្ញេីដល់ជនបរទេសអន្តោប្រវេសន្តទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវរាយការណ៍បន្ទាន់បេីមានករណីឃេីញមានការប្រេីប្រាស់ ឬចែកចាយគ្រឿងញៀន ឬបទល្មេីសជលផល និងបទល្មេីសផ្សេងទៀត ដេីម្បីអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ ៕