លោក នួន ពុទ្ធារ៉ា ជួបសម្តែងការគួរសម និងពិភាក្សាការងាររវាងក្រុងសៀមរាប និង ប្រតិភូ ក្រុងផឹងចូវ

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប អមដំណើរដោយ លោកអភិបាលរងក្រុង ថ្នាក់ដឹកនាំការិយាល័យ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុងផឹងចូវ ដឹកនាំដោយ លោក លាវទុន អគ្គលេខាធិការបក្សក្រុងផឹងចូវ និង ជាអគ្គលេខាធិការគណៈកម្មាធិការបក្ស នៃតំបន់ឧស្សាហកម្ម ផលិតសម្ភារៈថ្មី នៃសួនឧស្សាហកម្ម ប្រេងឥន្ធនៈ និងគីមីវិទ្យា ព្រមទាំងប្រតិភូ។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុង បានមានប្រសាសន៍ថា នេះជាកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ រវាងក្រុងទាំងពីរ គឺក្រុងសៀមរាប និងក្រុងផឹងចូវ ដែលជាក្រុងមិត្តភាព សហប្រតិបត្តិការ។ ដោយព្រឹត្តិការណ៍នេះដែរ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងផ្សព្វផ្សាយធនធានទេសចរណ៍ ព្រមទាំងបេតិកភណ្ឌវប្បធម៌នៃទីក្រុងទាំងពីរ។ ក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្ដល់ការគាំទ្រពេញទំហឹងដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន ការថែទាំប្រាសាទ និងអាកាសយានដ្ឋាន ជាដើម។

លោក លាវ ទុន អគ្គលេខាធិការបក្សក្រុងផឹងចូវ បានថ្លែងអំណរគុណ និងមានភាពកក់ក្តៅចំពោះបដិសណ្ឋារកិច្ច ពិសេសដំណើរទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗ ដល់រូបលោក និងប្រតិភូ។ លោកបានមានប្រសាសន៍ថា តំបន់ទេសចរណ៍ក្នុងក្រុងសៀមរាបមានភាពស្រស់ស្អាត ទាក់ទាញ មានសុវត្ថិភាព បានមកម្តងហើយ ចង់មកម្តងទៀត ដែលនេះបញ្ជាក់ពីសក្តានុពលដ៏ខ្លាំងមួយសម្រាប់អ្នកទេសចរណ៍ជនជាតិចិន។ ជាមួយគ្នាដែរ លោកក៏បានអញ្ជើញ លោក នួន ពុទ្ធារ៉ា និងប្រតិភូ ទៅទស្សនកិច្ចការងារ និងស្វែងយល់ពីសក្តានុពលសំខាន់ៗនានា នៅក្រុងផឹងចូវ នាថ្ងៃមុខ។

គួរបញ្ជាក់ដែរថា ក្រុងសៀមរាប និងក្រុងផឹងចូវ បានចុះកិច្ចព្រមព្រៀងមិត្តភាព និងសហប្រតិបត្តិការ ជាមួយគ្នាក្នុងឆ្នាំ២០២២ និងនេះជាលើកដំបូងដែលបានសម្តែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃក្រុងទាំងពីរដោយផ្ទាល់ STN

Leave a Reply

Your email address will not be published. Required fields are marked *