ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

ដើម្បីប្រមូលធាតុចូល និងសំណូមពរដាក់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ខាងមុខ។

ក្នុងឱកាសនោះ លោកប្រធាន ទេស វិបុល បានលើកសំណូមពរចំនួន២គឺ៖ទី១.ស្នើសុំពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ និង ទី២.សុំឱ្យក្រសួងព័ត៌មាន និងសមត្ថកិច្ចពាក់ព័ន្ធ តុលាការ ពិនិត្យលើធាតុផ្សំបទល្មើស ជាពិសេស «បទល្មើសកំហែងយកប្រាក់» មុននឹងចាប់ឃាត់ខ្លួន អ្នកសារព័ត៌មានណាម្នាក់។

គួរបញ្ជាក់ថា តាមគោលការណ៍ច្បាប់ រាល់ការចោទប្រកាន់ លើបុគ្គលណាម្នាក់ថា មានបទល្មើស លុះត្រាតែមានធាតុផ្សំ៣ បើអវត្តមានធាតុផ្សុំណាមួយ មិនអាចចាត់ទុកថា មានបទល្មើសនោះទេ។ សូមស្វែងយល់ធាតុផ្សំទាំង៣នៃបទល្មើស រួមមាន៖

១-ធាតុនីត្យានុកូល៖ សំដៅលើបញ្ញត្តិច្បាប់ជាធរមាន ដែលចាត់ទុកថា អំពើណាមួយជាបទល្មើស និងច្បាប់កំណត់អោយអំពើនោះត្រូវផ្តន្ទាទោសតាមច្បាប់។

២-ធាតុសត្យានុម័ត ឬហៅថាធាតុសម្ភារ៖ សំដៅលើអំពើដែលជនល្មើសបានប្រព្រឹត្តបទល្មើសស្តែងចេញមកខាងក្រៅ តាមរយៈអំពើបង្កគ្រោះថ្នាក់ដល់សង្គម បច្ច័យគ្រោះថ្នាក់ដល់សង្គម (ការអន្តរាយ) ដោយមានទំនាក់ទំនងហេតុផលរវាងអំពើ និងបច្ច័យដែលកើតមានដោយសារតែអំពើនោះ។

៣-ធាតុអត្តនោម័ត ៖ ជាកិរិយាផ្លូវចិត្តរបស់ជនល្មើស ចំពោះអំពើបង្កគ្រោះថ្នាក់ដល់សង្គមដែលគេបានប្រព្រឹត្ត និងចំពោះបច្ច័យដែលកើតឡើងពីអំពើនោះ។ ធាតុអត្តនោម័ត មានកត្តារួមផ្សំចំនួន០៣(បី)គឺ កំហុសចេតនា ឬអចេតនា គំនិតផ្តួតផ្តើមប្រព្រឹត្តបទល្មើស និងគោលដៅនៃការប្រព្រឹត្តបទល្មើស ៕

Leave a Reply

Your email address will not be published. Required fields are marked *