ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសេចក្ដីអរគុណគ្រួសារកងកម្លាំង ដែលមានស្វាមី ភរិយា និងកូនចៅ លះបង់ពេលវេលាដើម្បីថែរក្សាសន្តិសុខនាឱកាសឆ្នាំថ្មី !


ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង
នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។

ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ជាការពិតនេះ ជាកាតព្វកិច្ចរបស់កងកម្លាំងដែលជាធម្មតាទៅហើយនៃថ្ងៃបុណ្យឈប់សម្រាក គឺក្រុមគ្រួសារនីមួយៗត្រូវជួបជុំនូវសាច់ញាតិ ដើម្បីលេងកម្សាន្តសប្បាយរីករាយ ប៉ុន្តែកងកម្លាំងតែងនៅជួរមុខជានិច្ចមិនថាថ្ងៃ ឬយប់ ក្រោមកម្ដៅថ្ងៃក្ដី ក្រោមតំណក់ទឹកភ្លៀងក្ដី ដើម្បីធានាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពោលគឺពេលវេលាដែលប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែសប្បាយរីករាយ គឺជាពេលដែលកងកម្លាំងទាំងអស់កាន់តែមានការទទួលខុសត្រូវខ្ពស់។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត តួយ៉ាងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះ កងកម្លាំងទាំងអស់បានរួមចំណែកលះបង់យ៉ាងធំធេងលើសពីតួនាទីរបស់ខ្លួន លើសពីការទទួលខុសត្រូវកម្រិតរដ្ឋបាល ប៉ុន្តែនេះគឺជាការទទួលខុសត្រូវរួម ដើម្បីសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគិតគូរពីសេចក្ដីសុខ សុវត្ថិភាព និងបង្កលក្ខណៈជំរុញឱ្យគ្រប់មូលដ្ឋានមានការរៀបចំឱ្យបានល្អប្រសើរនូវកម្មវិធីកម្សាន្តសប្បាយឆ្នាំថ្មី និងកម្មវិធីដទៃទៀតនៅតាមមូលដ្ឋាននីមួយៗ។

ជាថ្មីម្ដងទៀតឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ ក្រុមការងារពាក់ព័ន្ធទាំងអស់ ទាំងក្រុមការងារយុវជន កងកម្លាំង និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋ ដែលនៅក្នុងឆ្នាំ២០២៥នេះ បានសហការរៀបចំ និងចូលរួមកម្មវិធីសង្ក្រាន្តឱ្យប្រព្រឹត្តិទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយដែលភាពរីករាយនេះ មិនអាចកាត់ផ្ដាច់បានឡើយ គ្រប់តួអង្គទាំងអស់ រួមទាំងកងកម្លាំង និងអាជ្ញាធរ៕

Leave a Reply

Your email address will not be published. Required fields are marked *