រដ្ឋបាលខេត្តសៀមរាបអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ  អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានគណៈអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ អង្គភាពមន្ទីរនានាក្នុងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

លោក លី សារី បានជំរុញនិងលើកទឹកចិត្តដល់នាយទាហាន ពលទាហានទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រឱ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃមានសភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយ លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា តែងតែបានបំផុសឱ្យមានទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ និងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ និង ចែករំលែកនូវសេចក្តីស្រឡាញ់តាមរយៈនៃការផ្តល់នូវគ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភផ្សេងៗ ដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលនៃការរីក រាលដាលនៃជំងឺកូវីដ១៩ប៉ុណ្ណោះ ដែលប្រតិភូខេត្តខកខានមិនបានចុះសាកសួរសុខទុក្ខ។

លោក លី សារី ក៏បានលើកសម្តែងភាពស្ញប់ស្ញែងចំពោះកងទ័ពកម្ពុជា នូវវីរៈភាពអង់អាចក្លាហាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដីនិងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ទន្ទឹមនឹងនេះ លោក ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ ស្គាល់ច្បាប់ពីតួនាទីភារកិច្ចកងទ័ពគឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ

ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២២មុខ ក្នុងនោះថវិកា២០លានរៀល និង មី១៥០កេស,ស្រាបៀរ ៥០កេស,គ្រឿងភេជ្ជះ ៥០កេស, ទឹកសុទ្ធ ២០០យូរ,ត្រីខ ១០កេស ,ប្រេងម៉ាស៊ូត ២ពាន់លីត្រ ,ស័ង្គសី ២ពាន់សន្លឹក ពុយដាក់ប្រេង ១០ និង អំពូលសូឡា ៥គ្រឿង ,គោ២ក្បាល , ជ្រូក៤ក្បាល ,សាច់មាន់៣៥គក្រ និង ក្រៅពីនោះជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ ២ម៉ឺនរៀលផងដែរ ។ ក្នុងនោះឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ មាន ស្រាបៀរ៥០កេស, មី ៧០កេស ,ថវិកា ៦លានរៀល និងឧបត្ថម្ភដល់ថវិកាដល់វរៈសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹកសៀមរាប ចំនួន ៣០លានរៀលផងដែរ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *