ខេត្តសៀមរាប៖ ថ្លែងក្នុងកម្មវិធីនៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ០៨នឹង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំដកបទពិសោធន៍កិច្ចប្រតិបត្តិការការពារ ធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះផងដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក–លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង–ស្រុកទាំង១៣លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានអនុញ្ញាតឲ្យលោកមេបញ្ជាការដឹកនាំគោលដៅការពារសំខាន់ធំៗ រាយការណ៍ពីលទ្ធផលកិច្ចប្រតិបត្តិការ និងលើកឡើងពីបញ្ហាប្រឈមនានា ក្នុងការការពារ ធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបតែបានបញ្ចប់ទៅនាពេលថ្មីៗនេះ។ ស្របពេលជាមួយគ្នានោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍លើកឡើងនូវបទពិសោធន៍ និងយុទ្ធសាស្ត្រ ក្នុងការរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងបានលើកសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាម្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចការងារជំនាញ ពិសេសត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍ សន្តិសុខ នឹងបន្តសកម្មភាពបង្រ្កាបក្មេងទំនើងទាំឡាយណា ដែលធ្វើសកម្មភាពអុកឡុករំខាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តសៀមរាប រួមទាំងបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារៀបចំចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕