ខេត្តសៀមរាប៖ នៅទីបំផុតអាជ្ញាធរខេត្តសៀមរាបបានសម្រេចបិទការដ្ឋានកាយដីព្រៃលិចទឹកចំនួនពីរកន្លែងនៅប៉ែកខាងលិចក្រុងសៀមរាប។ ការសម្រេចបិទបែបនេះ បន្ទាប់ពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកបានធ្វើការផ្សព្វផ្សាយសំណូមពរទៅដល់អាជ្ញាធរខេត្តសៀមរាប។
ប្រាប់ពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃទី 1 ខែឧសភា ឆ្នាំ 2025 នេះ អ្នកនាំពាក្យអាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងករណីជីកស្តារអាងទឹក របស់លោក យុន វីតា ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប និង លោកសេង មង្គល ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប អាជ្ញាធរបានសម្រេចបិទរួចហើយ។
បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា ប្រសិនពុំមានអ្វីប្រែប្រួលនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្អែកនេះ អាជ្ញាធរខេត្តសៀមរាបនិងបើកកិច្ចប្រជុំពាក់ព័ន្ធនិងករណីខាងលើនៅសាលប្រជុំលេខ១សាលាខេត្ត ក្រុមការដឹកនាំកិច្ចប្រជុំរបស់លោក ឌី រ៉ាដូ អភិបាលរងខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ក្នុងនោះ ក៏មានលោក យុន វីតា និង លោក សេង មង្គល ត្រូវចូលរួមផងដែរ៕
ប្រភព៖ សារព័ត៍មាន សៀមរាប ប៉ុស្តិ៍