ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក និងជា ប្រធានគណៈកម្មាធការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងជាតំណាង ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុក ក្រឡាញ់ ខេត្តសៀមរាប ចំនួន ០៥គ្រួសារ ករណីរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
ក្នុងពិធីនេះដែរ លោកប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជានិង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា–មិនទុកនរណាម្នាក់ចោល”។ មិនតែ ប៉ុណ្ណោះ ថ្នាក់ដឹកនាំកាក
បាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគាំទ្រយ៉ាងខ្ជាប់ខ្ជួនក្នុង ការកៀរគរមូលនិធិសប្បុរសធម៌សម្រាប់សាខា កក្រកខេត្តសៀមរាប ដើម្បីជួយដល់ជនងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិជាយថាហេតុ៖ ដូចយ៉ាងខ្យល់កន្ត្រាក់ និងឧបទ្ទវហេតុផ្សេងៗ។ល។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានអំពីខ្យល់កន្ត្រាក់នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំ អំណោយមនុស្សធម៌ជូនបងប្អូននាពេលនេះ និងសម្រាប់ស្រុកភូមិសាស្ត្រផ្សេងៗជាបន្តបន្ទាប់ដែរ។ ខ្ញុំសូមសម្តែង នូវការសោក
ស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។ដ្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួន មិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទ ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេសត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា ៥ម៉ឺនរៀល៕