ខេត្តសៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៍មានលោកស្នងការនគរបាលខេត្តសៀមរាប លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា៖កងកម្លាំងប្រមាណជាង ៣ ០០០នាក់ បានត្រៀមរួចជាស្រេចសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។
លោកស្នងការបានបញ្ជាក់ថា៖ កម្លាំងនគរបាលប្រមាណ ២ ០០០នាក់ និងមានការចូលរួមពីស្ថាប័នអង្គភាពពាក់ព័ន្ធ ដែលចំណុះឱ្យបញ្ជាការឯកភាពខេត្ត នឹងបានបែងចែកទៅតាមគោលដៅធំៗចំនួន៦ ក្នុងនោះគោលដៅសំខាន់ៗដែលត្រូវដាក់កងកម្លាំងការពារសន្ដិសុខសុវត្ថិភាពនោះ រួមមាន ក្នុងតំបន់អង្គរចំនួន២៥គោលដៅ ក្នុងក្រុងសៀមរាប ៣៤គោលដៅ។ដោយឡែកនៅតាមបណ្ដារមណីយដ្ឋាន នៅតាមបណ្ដាក្រុងស្រុកផ្សេងៗទៀត ស្នងការដ្ឋានខេត្តសៀមរាប ក៏បានណែនាំឱ្យអធិការក្រុងស្រុក ត្រៀមកម្លាំងការពារឱ្យរួចជាស្រេច ដើម្បីការពារដល់ភ្ញៀវទេសចរឱ្យមានសុវត្ថិភាពល្អដែលបានមកកំម្សានខេត្តសៀមរាបយើង។
លោកឧត្ដមសេនីយ៍ បន្ត៖ថា សម្រាប់ក្នុងក្រុងសៀមរាប មានកងកម្លាំងសរុបប្រមាណ ៤០០នាក់ រួមមាន កងកម្លាំងនគរបាល និងប្រជាការពារ សម្រាប់ត្រៀមជួយសម្រួលដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈដែលកម្លាំងអន្តរាគមន៍ចំនួន ២ក្រុមព្រមទាំងម៉ូតូ១៤គ្រឿងទៀត សម្រាប់ត្រៀមទៅជួយសម្រួលបញ្ចៀសចរាចរណ៍ដែលមានការកកស្ទះនៅតាមដងផ្លូវផ្សេងៗ ទាំងក្នុងក្រុង និងក្រៅក្រុងសៀមរាប ដែលផែនការទាំងអស់បានដាក់ចេញរួចហើយ ត្រៀមតែអនុវត្តតែប៉ុណ្ណោះហើយនៅតែប៉ុន្មានថ្ងៃទៀតតែប៉ុនណ្ណោះសង្ក្រាន្តឆ្នាំថ្មីនឹងមកដល់៕